រដូវកាលទីមួយៈ ភាគ១ «ព្រោះតែអន្សមអាំង» តពីលេខមុន
♣♣♣♣♣♣
នីតា ឃើញជ្រក់ និង វ័រ ភ័យពេកមកពួនក្រោយខ្នងនាងហើយគិតតែតោងនាងអោយ ឡើងស្អិត ខឹងនាយទាំងពីរខ្លាចខុសទំនងនាងក៏ស្រែកឡើង។
«យីអាពីរនាក់នេះវ៉ី! ខ្លាចនោះខ្លាច…»
«មិនអោយខ្លាចយ៉ាងម៉េច បើសម្លេងកណ្តឹងហ្នឹងម្តងលឺម្តងអត់អញ្ចឹង!» វ័រ តវ៉ា។
នាងទាំងបីងាកសម្លក់ក្មេងប្រុសទាំងពីររបៀបខ្នាញ់ដែលពួកវាខ្លាចខុសទំនាង វ័រ និង ជ្រក់ បានត្រឹមធ្វើភ្នែកភ្លឹះៗ។ សម្លេងកណ្តឹងស្ងប់ស្ងាត់ ប៉ុន្តែហាក់ដូចជាមានអ្វីម៉្យាង ពណ៌ប្រផេះៗកំពុងតែបំលាស់ទីពីទិសខាងកើតមក។ ទោះបីរាងភ័យតិចៗដែរក៏ដោយតែនាងទាំងបីនៅតែធ្វើមុខមាំមិនអោយក្មេងប្រុសទាំងពីរនោះដឹងពីការភិតភ័យរបស់ ពួកនាងឡើយ។
«នីណា រត់ទៅអគារខាងកើតនោះលបមើលទៅ មើលថាជាអ្វីអោយប្រាកដ។ ហើយឯង អាជ្រក់! បណ្តើរម៉ូតូចចេញទៅអោយផុតរបង សាលាក្បែរផ្លូវទៅសាលាឃុំ ហើយរង់ចាំ ត្រង់នោះលឺទេ?» នីតាបញ្ជារ។ នីណា រត់ប្រុយទៅរកអគារក្បែរនោះដើម្បីយក ការណ៍។
«ម្នាក់ឯង?» ជ្រក់ ឧទានឡើងរបៀបភ័យៗ។
«អើ! ទៅរឺមិនទៅ?» នីកា ឆ្លើយកាត់។
«ទៅក៏បាន? ចុះអាវ័រ?»ជ្រក់ តបមួយៗស្ទក់ៗ។
«អាវ័រទៅតាមក្រោយ..យីអានេះវ៉ី ប្រុសសោះខ្លាចនោះខ្លាច!» នីតា សង្គ្រឺតធ្មេញតបទៅ វិញ ជ្រក់ ទំនងខ្លាច នីតា ជាងខ្លាចខ្មោចហើយមើលទៅទើបសុខចិត្តងក់ក្បាលទទួល យល់ព្រម។
«បានទៅក៏បាន!»
«ជ្រក់! ឯងបណ្តើរម៉ូតមួយៗស្ងាត់ៗណា!» នីកា ផ្តែផ្តាំ។
«ដឹងហើយ!»
ជ្រក់ លបៗបត់ម៉ូតូត្រលប់ទៅក្រោយព្រមទាំងបណ្តើរវាទៅមុខថ្នមៗអោយលឺសម្លេង តិចបំផុតតាមដែលអាចធ្វើបានទាំងភ្នែកនៅកញ្ចឹងក។ វ័រ ខ្លាចឡើងញ័ររមួលក្បែរគុម្ពផ្កា ក្រោយខ្នង នីកា ។ រំពេចនោះដែរ នីណា ត្រលប់មកវិញល្មម។
«គឺពិតជាគោមែនណា! ហើយជាគោភូមិយើងទៀតផង…មើលទៅដូចអាកាត់គោរបស់ ពូតូច ផ្ទះជាប់មាត់បឹងនោះណាស់។» នីណា ប្រាប់ទាំងអស់គ្នាអោយដឹង។
«នរណាដឹកគោកណ្តាលយប់អញ្ចឹង! មានតែខ្មោចលងទេនេះ!» វ័រ ពោលឡើងទាំងមុខ ផ្តើមស្លេក។
«គឺមានណាអាវ័រ! គឺចោរលួចគោនោះអី!» នីកា តបយ៉ាងរំភើយ។
លឺថាចោរលួចគោ វ័រ ញ័រភ័យឡើងលើសមុន ព្រោះល្បីថាពួកនោះកាប់ចាក់ឆៅបើវាជួប នរណាម្នាក់ទាន់សកម្មភាពវា។ វ័រ ប្រញ៉ាប់ឧទានឡើង ស្របពេលដែល នីកា ចាប់ផ្តើម បុកពោះតិចៗដែរ។
«ចោរលួចគោ? អូយមិបានទេ បើពួកវាឃើញយើងនោះមិនយ៉ាប់ទៅហើយទេ!»
«កុំខ្លាចពេកមើល នីកា អាវ័រ! ពួកយើងមានវិធីដោះស្រាយ…មិនថាអញ្ចឹង នីតា?»
តាមពិត នីតា ក៏ភ័យមិនតិចដែរ ប្រសិនបើពួកនោះជាចោរលួចគោមែន។ ដល់ពេលលឺ ប្អូនពៅសួរបញ្ជាក់របៀបមិនព្រឺរោមជើងបែបនេះ នាងតបបែបក្លាហានទៅវិញដែរ។
«អឺ..មែនហើយ! ឥលូវអញ្ចេះ..យើងនាំគ្នារត់ទៅប្តឹងប៉ូលីសឃុំល្អទេ?»
«ស្លាប់ហើយ នីតា ទំរាំនឹងទៅដល់នោះ ចោរចេញផុតបាត់ដានល្មម!»
«មែនហើយ នីណា និយាយត្រូវ! ក្បែរហ្នឹងមានចំការដើមត្រាច់ធំៗផង។» នីកា បញ្ជាក់។
«ឥលូវគិតអញ្ចេះ! អាវ័រ លបៗរត់ទៅរកអាជ្រក់ រួចនាំគ្នាជិះម៉ូតូទៅប្តឹងប៉ូលីស។ ហើយពួកយើងទាំងបីអ្នក ធ្វើខ្មោចលងចោរល្អទេ?» នីតា អោយយោបល់។
«ចុះបើគេមិនគិតថាខ្មោចហើយរកយើងឃើញនោះ?» នីណា សួរដូចឆោត។
«ហេសហេ! ភ្លេចហើយរឺអូនស្រី ថាបងជាអ្នកជំនាញធ្វើខ្មោចលង..!» នីកា និង នីតា ញាក់មុខដាក់គ្នាគួរអោយចង់សើច។
«ហើយអាវ័រ នៅដល់ណាទៀតម៉េចមិនរត់ទៅ!» នីណា ឧទានឡើងក្រោយពេលឃើញ នាយវ័រ នៅស្ងៀមមិនកំរើកទៅណាក្រោយពេលដឹងផែនការណ៍ហើយ។
ស្រុះស្រួលយោបល់គ្នារួចហើយ វ័រ ត់ចេញទៅរក ជ្រក់ ហើយពួកគេបន្តដំនើរទៅប្តឹង សាលាឃុំ។ ក្រុមចោរលួចគោទើបតែបន្តដឹកគោមកដល់របខាងកើតសាលារៀនដែល មានច្រកមួយគេអាចឆ្លងកាត់បាន។ តាមពិតនេះទើបតែម៉ោង ជិត១០ យប់ប៉ុណ្ណោះ ពួកវាមិនគួរធ្វើសកម្មភាពទេ ប៉ុន្តែដោយសារតែវាអាងថាដារលានជុំវិញភូមិនេះគេរវល់ ផឹកស៊ីរាំរែកអស់ហើយទើបពួកវាថ្លើមធំហ៊ានលួចគោយ៉ាងនេះ។
ពួកចោរមានគ្នាបួននាក់ ពីរនាក់ដើរមុខនាំផ្លូវ ម្នាក់ដឹកគោមួយនឹម ឯម្នាក់ទៀតនៅពី ក្រោយឃ្លាំមើលក្រែងមានអ្នកតាមរកគោ។ នៅពេលដែលបណ្តើរគោមកដល់ក្បែរ ទីចាត់ការ សម្លេងល្វើយៗបន្លឺឡើងរបៀបដេញគោអោយទៅមុខកាន់តែលឿន។
«ហ៊ុយៗៗៗ»
លឺសម្លេងដេញគោបន្ទរគ្នាខ្សាវៗមួយៗស្រាលៗបែបនេះក្រុមចោរទុចង៉ក់ ហើយចាប់ ផ្តើមសម្លឹងមើលជុំវិញខ្លួនក្រែងមានមនុស្សម្តុំនេះ។ តែភ្លាមនោះដែរស្រាប់តែស្ងាត់ឈឹង លែងលឺសម្លេងនោះទៀត។ ពួកវាមើលមុខគ្នាឡេងឡង់ តែពួកវាមិនហ៊ានឆួលពិលរក មើលឡើយ វាខ្លាចក្រែងមាននរណាធ្វើដំនើរកាត់ផ្លូវមុខសាលារៀននេះមើលឃើញរួច ចូលមករកពួកវា។ អាម្នាក់ដឹកគោនោះឧទានឡើងៈ
«អាប៊ឹប! ឯងដើរមើលជុំវិញនោះទៅមើលក្រែងមាននរណាម្តុំនោះ!»
នាយប៊ឹប ដែលដើរក្រោយគេនោះតាំងដើរទៅរកម្តុំសួនផ្ការុករកប្រភពសម្លេង។ តែគ្មាន ឃើញអ្វីក្រៅពីគុម្ពផ្កានោះទេ។ ភ្លាមនោះដែរស្រាប់តែលឺសម្លេងដដែលនោះពីអគារខាង ត្បូងទៅវិញ។ នាយប៊ឹប ក៏រត់ទៅរកភ្លាម នៅពេលនាយប៊ឹប ដើរទៅជិតអគារនោះហើយ ស្រាប់តែលឺសម្លេងពីទិសខាងជើងវិញម្តងដែលធ្វើអោយពួកវាចាប់ផ្តើមព្រឺក្បាលតិចៗ និង ចម្លែកក្នុងចិត្តយ៉ាងខ្លាំង។ ឃើញអញ្ចឹង អាឡុញ ម្នាក់ក្នុងចំណោមអ្នកដើរមុខ បញ្ចេញមតិ។
«អញថា កុំទៅខ្វល់និងសម្លេងហ្នឹងអី! នាំគ្នាទៅមុខទៀតទៅ!»
«មែនហើយ បើនៅយូរតិចគេមកទាន់វើយ!» អាសឿង ឆ្លើយស្របនិង អាឡុញ។
«អញ្ចឹងក៏បាន!» អាស៊ឹម ពោលចប់វាបន្តដឹកគោទៅមុខទៀត។
រំពេចនោះស្រាប់តែពន្លឺពណ៌ត្រួយចេកភ្លឺផ្លុងៗ ពីដើមអំពិលទឹកបារាំងក្បែរដងទង់ជាតិ។ ប្រាកដណាស់គេអាចមើលឃើញសក់ក្បាលកន្ទ្រើងរួមទាំងផ្ទៃមុខពណ៌បៃតងព្រមជាមួយ ភ្នែកខមធំៗប៉ុនពងមាន់ ហើយដើមឈើចាប់ផ្តើមរង្គើបន្តិចៗ ព្រមជាមួយសំរែកយំ ឡើងគ្រលួចគួរអោយព្រឺក្បាល។ បរិយាកាសជុំវិញសាលារៀននេះកំពុងតែស៊ីចង្វាក់ ជាមួយរឿងខ្មោចលងស្រាប់ផង ព្រោះខាងកើតជាវាលដុតខ្មោច ហើយខាងលិចនោះ គឺទីវត្តអារាមមានដើមសម្រោងមួយដើមអាយុរយឆ្នាំ នៅប្រកៀករបងព្រំប្រទល់រវាង សាលារៀននិងវត្តផងនោះ រឹតតែញ៉ាំងបរិយាកាសអោយព្រឺសក់ក្បាលឡើង។ ចោរ ទាំងបួនចាប់ផ្តើមទុចដំណើរ… នៅពេលដែលពួកវាកំពុងតែសម្លឹងមើល ដើមអំពិលទឹក នោះ… ស្រាប់តែរំពេចនោះនៅដើមអាកាស្យាខាងឆ្វេងដៃពួកវាស្រាប់តែ លេចក្បាល មនុស្សសក់ក្បាលកន្ទ្រើងភ្លើងពណ៌ក្រហមខមភ្នែកដាក់វាមួយទៀត ពេលនោះ អាឡុញ ចាប់ផ្តើមញ័រជើង ហើយ អាស៊ឹម ដូចចង់មិនស្រួលដែរ។ ចម្ងាយពីក្រុមចោរទៅដើម ឈើនីមួយៗវាឆ្ងាយដែរទើបពួកវាមិនបានឃើញមុខច្បាស់ បានឃើញ ត្រឹមតែក្បាល កន្ទ្រើងៗពណ៌ក្រហម បៃតងប៉ុណ្ណោះ។ ពេលដែលពួកវាចាប់ផ្តើម ដេញគោអោយដើរ ទៅមុខទៀតនោះ នៅលើដើមស្ងាវនៅក្បែរច្រកចេញនោះលេចក្បាលកន្ទ្រើងកន្ទ្រើង ពណ៌ខៀវមួយទៀតធ្លោឡើង ក្រុមចោរបះសក់ច្រាងគ្រប់គ្នា។ នាងទាំងបីបានដៃ ដឹងថាក្រុមចោរភិតភ័យហើយ ចាប់ផ្តើមបន្លឺសម្លេងរង្វើលៗ ស្រួយស្រែសពោល ឡើងព្រមគ្នា។
«ពូអើយពូ! យប់ហើយពូដឹកគោទៅណា…? អោយខ្ញុំទៅផងបានទេ?..»
ពោលឡើងបណ្តើរពួកនាងចាប់ផ្តើមអង្រន់ដើមឈើទាំងបីបណ្តើរ។ ក្រុមចោរកាន់តែ ស្លេកមុខ អាឡុញ ចាប់ផ្តើមចង់រាគនោមប្រឹងដេញបំបោលគោអោយដើរទៅមុខ អោយលឿន។ នាងទាំងបីបន្តសម្លេងខ្មោចរបស់ពួកនាងទៀត។
«អាកាត់ អាក្រឡុប! ពូបួននាក់នេះដឹកពួកឯងទៅណា?»
គោរទាំងពីរក្រោយពីលឺគេហៅឈ្មោះវាអញ្ចឹង វាតាំងឈប់នឹងថ្កល់ និង កញ្ចៀវតាម សភាវៈគតិជាសត្វ។ រឹតតែធ្វើអោយក្រុមចោរខ្លាចលាយឆ្ងល់លើសដើម។ នាងទាំងបី បន្តចុចភ្លើងពិលភ្លឹបភ្លែតៗបន្ថែមភាពភ័យខ្លាចដដែល ក្រុមចោរប្រឹងទាញគោទៅមុខ ជាថ្មី។ អាឡុញ មិនអស់ចិត្តប្រឹងស្រែកៈ
«អញមិនជឿថាជាខ្មោចទេវើយ! បើខ្លាំងចេញមុខអោយអញឃើញមក!»
នាងទាំងបីចាប់ផ្តើមសើចកាច់កកាច់ស្រង់ដូចមិនគ្រប់ទឹក។ ភ្លាមនោះដល់ខ្យល់បក់វូរៗ ពីទិសខាងជើងនាំភាពត្រជាក់ស្រឹបខុសធម្មតា ក្រុមចោរកាន់តែភ័យលើសដើម សម្លឹង មើលចុងដើមប្រេងខ្យល់ទាំងឡាយដែលកំពុងតែបក់បោកខុសប្រក្រតី។ ពេលនេះពួកវា ជឿហើយថាពិតជាមានខ្មោចលងវាមែន។ ពួកវាច្រាសច្រាលគិតមិនចេញមួយភ្លែត ទើប អាស៊ឹម វាពោលឡើងៈ
«បែបមិនស្រួលទេកនយើង! សាលារៀននេះណាកាលសម័យរាស្ត្រនិយមជាទីប៉ាឆា របស់វត្តនោះផង ហើយចូលដល់សម័យប៉ុលពត ជាកន្លែងកប់ខ្មោចទៀត។ អញគិតថា នាំគ្នាដាក់មេប្រូចវិញល្អជាង។»
សមចិត្ត អាឡុញ ពេក វាប្រញ៉ាប់យល់ព្រមមុនគេ។
«មែនហើយៗ អាសឿង អាប៊ឹប ជួយដេញគោពីក្រោយផងមើល គោនេះវាមិនដើរទៅ មុខទាល់តែសោះ។»
អាឡុញ ពោលចប់សឹងមិនទាន់ អាសឿង ប្រឹងទាញកន្លុះគោ ហើយអាពីរនាក់នោះ ប្រឹងទៅវាយគោព្រូសប្រាសអោយដើរទៅមុខ។ នាងទាំងបីដឹងថាពួកចោរខ្លាចដែរតែ ហ៊ានដើរទៅមុខទៀតដូច្នេះ ពួកនាងធ្វើជានិយាយជាមួយគោវិញ។
«អាកាត់អ៊ើយអាកាត់! ឯងនេះកម្មក្រាស់ណាស់ ដេកទំពារអៀងសុខៗ មានគេមកអូស មកទាញចេញពីរោង ហើយឥលូវនេះត្រូវគេទាញច្រមុះផង ចាក់គូថផង…ហ៊ឺ… នេះហើយកម្មឯង!»
មុនដំបូងក្រុមចោរខ្លាច គិតថាជាខ្មោច តែដល់ពេលនាងទាំងបីនិយាយច្រើនពេកពួកវា ដូចចង់លែងជឿទៅវិញ។ អាប៊ឹប ដេញគោបណ្តើរតបទៅក្រុមខ្មោចក្លែងក្លាយបណ្តើរៈ
«នែ៎ នាងខ្មោច! កាលនៅរស់ឈ្មោះអី នៅឯណា បានស្គាល់គោនេះច្បាស់ម៉្លេះ?»
«នៅក្បែរៗផ្ទះពូឯងលួចគោហ្នឹងឯង…ហាស់ៗៗៗហា៎!»
«បើពិតជាខ្មោចមែន សម្តែងឬទ្ធិអោយយើងមើលបន្តិចមើល! យើងលឺថាខ្មោចលង លៀនអណ្តាតវែងដល់ដីឯណោះ បើពូកែមែនធ្វើអោយយើងមើលបន្តិចមើល!»
«ពូឯងមានស្កគ្រាប់ទេ? បើមានបោះទៅដីទៅចាំខ្ញុំប្រើអណ្តាតកេវយកមក។ តែបើអត់ មានទេ ពូឯងគ្មានសំណាងបានមើលអណ្តាតខ្ញុំទេ ខ្ញុំមិនដែលបញ្ចេញអណ្តាតអោយគេ មើលទទេរៗនោះទេ។»
«យីអើ! ខ្មោចអីក៏កាលីបម៉្លេះវ៉ី!»
ក្រុមខ្មោចក្លែងក្លាយបន្តសើចក្អាកក្អាយបន្តទៀត។ ចំណែកក្រុមចោរវិញវាងាកមើលមុខ គ្នាដោយក្រសែរភ្នែកចម្លែក មិនដឹងជាវាគិតអីទេ ប៉ុន្តែច្បាស់ណាស់ថាវាសង្ស័យក្រុម ខ្មោចក្លែងក្លាយរបស់យើង។ ក្រោយពីស៊ីញ៉ូភ្នែក ញាក់បបូរមាត់ ផ្តោះផ្តងយោបល់គ្នា រួចហើយ អាស៊ឹម ដើរតំរង់ទៅរកដើមអំពិលទឹកបារាំងដែលជាទីតាំងរបស់ នីណា នាយមានបំណងទៅមើលពីក្រោមគល់អោយច្បាស់ថាខ្មោចរឺមិនមែនខ្មោច។ គិតទៅ លោកចោរទាំងបួនគ្រឿងហ្នឹងយ៉ាប់ដែរ ធ្វើដល់ចោរអត់ខ្លាចគុក បែរជាខ្លាចខ្មោច ជារឿងអរូបីទៅវិញ។
នៅមានត….